ពិធីបុណ្យចូលឆ្នាំខ្មែរ
ពិធីបុណ្យចូលឆ្នាំខ្មែរ
|
មនុស្សគ្រប់ជាតិសាសន៍
តែងប្រារព្ធពិធីចូលឆ្នាំថ្មីដែលជាប្រពៃណីរបស់ប្រជាជាតិរៀងៗខ្លួន។
គ្រាន់តែគេនិយមកំណត់ពេលវេលានៃ ការរៀបចំបុណ្យនេះបែ្លកៗគ្នាស្របទៅតាម
ជំនឿទំនៀមទម្លាប់ និងប្រពៃណីរបស់គេប៉ុណ្ណោះ។ ជនជាតិខ្មែរយើង
ក៏មានប្រវត្តិធ្វើបុណ្យចូលឆ្នាំតាំងពីបុរាណកាលជារៀងរាល់ឆ្នាំរហូតមក ។
យើងបានប្រទះ ឃើញឯកសារជាច្រើន ដែលនិយាយពីពិធីបុណ្យចូលឆ្នាំនិងឧស្សាហ៍
បានស្តាប់ការនិទានរឿងរបស់ចាស់ទុំជាច្រើន។
មាតិកា
មានតំណាលថា នៅដើមនៃភទ្ទកប្បមាន
សេដ្ឋីម្នាក់ មានបុត្រមួយ ឈ្មោះធម្មបាលកុមារ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេស
បានរៀនចេះចប់គម្ពីរត្រីវេទតាំងពីអាយុបាន
៧ ឆ្នាំ ។ សេដ្ឋីបិតាបានសាងប្រាសាទឲ្យ ធម្មបាលកុមារ នៅទៀបដើមជ្រៃមួយធំ
នៅឆ្នេរទន្លេ ដែលជាទីស្នាក់អាស្រ័យ នៃបក្សីទាំងឡាយ ។ ធម្មបាលកុមារ
ចេះទាំងភាសាបក្សី ទាំងពួងផង ព្រមទាំងអាចធ្វើជាអាចារ្យសម្ដែងមង្គលផេ្សងៗ
ដល់មនុស្សទាំងពួងផង។ គ្រានោះ មនុស្សលោករមែងរាប់អានមហាព្រហ្ម និង កបិលមហាព្រហ្ម ១ អង្គទៀតដែលជាអ្នកសម្ដែងមង្គលដល់មនុស្សទាំងពួង
។ ពេលនោះ កបិលមហាព្រហ្ម បានជ្រាបព័ត៌មានក៏ចុះមកសួរបញ្ហា
នឹងធម្មបាលកុមារ ចំនួន ៣ ប្រស្នា ដោយសន្យាថា ប្រសិនបើ ធម្មបាលកុមារ
អាចដោះប្រស្នាបាន កបិលមហាព្រហ្ម នឹងកាត់ព្រះសិរសាទ្រង់ដើម្បី
បូជាចំពោះធម្មបាលកុមារ ប៉ុន្តែប្រសិនបើ
ធម្មបាលកុមារមិនអាចដោះស្រាយប្រស្នានោះរួច
កបិលមហាព្រហ្មនឹងកាត់ក្បាលធម្មបាលកុមារវិញ ។
ធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន ៧ ថ្ងៃសិនដើម្បីគិតប្រស្នា។
លុះកន្លងទៅ ៦ ថ្ងៃហើយក៏ធម្មបាលកុមារនៅតែគិតមិនឃើញ
និងដឹងខ្លួនថាព្រឹកនេះនឹងត្រូវស្លាប់ដោយអាជ្ញាកបិលមហាព្រហ្មជាប្រាកដ
។ ដូច្នេះ គួរតែរត់ ទៅលាក់ខ្លួន
ពួនអាត្មាឲ្យស្លាប់ដោយខ្លួនឯងប្រសើរជាង ។
ទើបធម្មបាលកុមារចុះពីប្រាសាទទៅដេកពួននៅក្រោមដើមត្នោតមួយគូ ។ នៅលើដើមត្នោតនោះ
មានសត្វឥន្ទ្រីញីឈ្មោលធ្វើសំបុក អាស្រ័យនៅ ។ វេលាយប់
សត្វឥន្ទ្រីញីសួរសត្វឥន្ទ្រីឈ្មោលថា
ព្រឹកនេះយើងបានអាហារអ្វីធ្វើជាចំណី? ឥន្ទ្រីឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារ
ដែលត្រូវនឹងកបិលមហាព្រហ្មសម្លាប់ ព្រោះធម្មបាលកុមារដោះប្រស្នាមិនរួច ។
ឥន្ទ្រីញីសួរថា ប្រស្នានោះដូចម្ដេច ? ឥន្ទ្រីឈ្មោលឆ្លើយថា : វេលាព្រឹកសិរីសួស្ដីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅលើផ្ទៃមុខ ។
ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ។ ប្រស្នាទី ២ ចោទថា ថ្ងៃត្រង់សិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅលើទ្រូង ។
ហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង ។ ប្រស្នាទី ៣ ចោទថា
វេលាល្ងាចសិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅនឹងជើង ។ ហេតុនោះ
ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើង ។ ធម្មបាលកុមារបានឮដូច្នេះ
ក៏ត្រឡប់ទៅប្រាសាទវិញ ។ លុះព្រឹកឡើង កបិលមហាព្រហ្ម ក៏មកសួរប្រស្នា
ធម្មបាលកុមារ ។ ធម្មបាលកុមារ ឆ្លើយដោះស្រាយ តាមដែលបានឮមក ។ កបិលមហាព្រហ្ម
ក៏ទទួលថាពិតជាត្រឹមត្រូវ, ព្រមចុះចាញ់
និង សុខចិត្តធ្វើតាមពាក្យសន្យារបស់ខ្លួន ។ កបិលមហាព្រហ្ម ហៅទេពធីតាទាំង
៧ អង្គ ដែលជា បាទបរិចាវិកា ព្រះឥន្ទ្រ មកប្រាប់ថា
ឥឡូវបិតាត្រូវកាត់ព្រះសិរសាដើម្បីបូជាចំពោះធម្មបាលកុមារ
តែបើដាក់ក្បាលនោះលើផែនដី នោះនឹងកើតជាភ្លើងឆេះទាំងលោកធាតុ
បើបោះទៅលើអាកាស នឹងនាំឲ្យរាំងភ្លៀង បើចោលក្នុងមហាសមុទ្រនោះទឹកនឹងរីងស្ងួតហួតអស់ ។
ដូច្នេះសូមឲ្យកូនទាំង ៧ អង្គ យកពានមកទទួលព្រះសិរសាបិតា ។ ពោលរួច
ព្រះអង្គក៏កាត់ព្រះសិរសាហុចទៅឲ្យព្រះនាង ទុង្ស ជាកូនច្បង ។ ព្រះនាង ទុង្ស
ក៏បានយកពានមកទទួលព្រះសិរសាបិតា រួចហែប្រទក្សិណភ្នំព្រះសុមេរុ ៦០
នាទីទើបយាងទៅប្រតិស្ឋានទុក ក្នុងមណ្ឌលេះនៅក្នុងគុហាគន្ធមាលី
នាភ្នំកៃលាស និងបូជាគ្រឿងទិព្វផេ្សងៗ ។ ព្រះវិស្សកម្មទេវបុត្រ
ក៏និមិត្តរោងទិព្វធ្វើពីកែវ ៧ ប្រការ ឈ្មោះថា "ភគវតីសភាសាលា"
ឲ្យជាទីប្រជុំនៃទេវតា ។ លុះដល់គម្រប់ ១ឆ្នាំជា សង្ក្រាន្តត
នាងទេពធីតាទាំង ៧ អង្គ ក៏ផ្លាស់វេនគ្នា មកអញ្ជើញ ព្រះសិរសាកបិលមហាព្រហ្ម
ចេញមកហែប្រទក្សិណ ភ្នំព្រះសុមេរុជារៀងរាល់ៗឆ្នាំ
រួចហើយយាងត្រឡប់ទៅស្ថានទេវលោកដើម្បីតម្កល់វិញ។
ថ្ងៃ
|
ទេពធីតាមហាសសង្ក្រាន្ត! គ្រឿងអាភរណៈ
|
|
ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន
៣ ថ្ងៃ ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វនបត, ថ្ងៃទី៣ ជាថ្ងៃឡើងស័ក ។ រីឯការកំណត់ខែ
ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់
ហើយទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ
គេអាចដឹងបានដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសសង្ក្រាន្តត
។
តើថ្ងៃចូលឆ្នាំថ្មីរបស់ខ្មែរយើងត្រូវលើខែណា ? ថ្ងៃណា ? ចាប់ពីសម័យក្រុងនគរធំមក ប្រទេសខ្មែរប្រើវិធីគិតរាប់ថ្ងៃខែឆ្នាំតាមក្បួន
ចន្ទគតិ (lunar
calendar) (វិធីដើរនៃព្រះចន្ទ)
ទើបខ្មែរកំណត់យកខែ មិគសិរ ជាខែចូលឆ្នាំ ហើយជាខែទី ១ ខែកក្តិក ជាខែទី ១២ ។ សម័យក្រោយមក
ប្រទេសខ្មែរប្តូរទៅប្រើវិធីគិតរាប់ថ្ងៃខែឆ្នាំតាមក្បួន សុរិយគតិ
(solar
calendar) (វិធីដើរនៃព្រះអាទិត្យ)
។ ពេលនោះហើយដែលខ្មែរកំណត់ចូលឆ្នាំក្នុងខែ ចេត្រ (ខែទី ៥) ព្រោះក្នុងខែនេះ
ព្រះអាទិត្យធ្វើដំណើរចេញពី មីនរាសី ចូលកាន់ មេសរាសី ។ ថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី ១៣
នៃខែ មេសា (ចេត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែយូរៗទៅមានភ្លាត់ម្តងៗ
ចូលឆ្នាំក្នុងថ្ងៃទី ១៤ ក៏មានខ្លះដែរ ។ មហាសសង្ក្រាន្តត
ដែលប្រើរបៀបគន់គូរតាម សុរិយគតិ មានឈ្មោះថា «សាមញ្ញសសង្ក្រាន្តត» (ព្រះអាទិត្យដើរត្រង់ពីលើក្បាលជា
សង្ក្រាន្តត) ។ មហាសង្ក្រាន្តត ដែលប្រើរបៀបគន់គូរតាម ចន្ទគតិ ហៅថា «អាយន្តសង្ក្រាន្តត» (ពេលដែល ព្រះអាទិត្យ ដើរបញ្ឈៀង
មិនត្រង់ពីលើ) ។ គេនៅប្រើ ចន្ទគតិ ដោយយោងទៅ សុរិយគតិ ព្រោះ ចន្ទគតិ
មានទំនាក់ទំនងនឹង ពុទ្ធប្បញ្ញត្តិ ច្រើន ។ ចំណែកឯ ថ្ងៃចូលឆ្នាំតាម
ចន្ទគតិ មិនទៀងទាត់ ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត
ជួនកាលក្នុងវេលារនោច ។ ប៉ុន្តែ នៅក្នុងរវាង ១ ខែ គឺមិនមុនថ្ងៃ ៤កើត
ខែ ចេត្រ និង មិនហួសថ្ងៃ ៤ កើត ខែ ពិសាខ ទេ ។ ដូចនេះ សង្ក្រាន្តត
ខ្លះធ្លាក់ទៅក្នុងខែ ពិសាខ ។
ចំពោះពិធីផ្សេងៗខ្មែរយើងមានរៀបចំតាមប្រពៃណីដូចតទៅ
៖ ពេលមុនចូលឆ្នាំ គេនាំគ្នាប្រុងប្រៀប រកស្បៀងអាហារ, សំអាតផ្ទះសម្បែង, រែកទឹកដាក់ពាង, រកអុសទុក, និង កាត់សំលៀកបំពាក់ថ្មីៗ ជាដើម ។ ថ្ងៃចូលឆ្នាំមកដល់
គេរៀបគ្រឿងសក្ការៈបូជា សំរាប់ទទួលទេវតាថ្មីមាន ៖ បាយសី ១គូ, ស្លាធម៌ ១គូ, ធូប ៥, ទៀន ៥, ទឹកអប់ ១គូ, ផ្កាភ្ញី, លាជ, ទឹក ១ ផ្តិល និង ភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ ។ ចំណែកផ្ទះសម្បែង គេតុបតែងរំលេចដោយអំពូល អគ្គិសនីខ្សែតូចៗ
ចម្រុះពណ៌ ឬចង្កៀងគោម គ្រប់ពណ៌ សំរាប់ទទួលទេព្តាថ្មី ។
លុះដល់វេលាកំណត់ ទេព្តាថ្មីយាងមក គេនាំកូនចៅអង្គុយជុំគ្នា
នៅជិតកន្លែងរៀបគ្រឿងសក្ការៈនោះ ហើយអុជទៀន ធូបបាញ់ទឹកអប់ បន់ស្រន់
សុំសេចក្តីសុខចម្រើន គ្រប់ប្រការ ពីទេព្តាថ្មី ។ ចំពោះគ្រឿងសក្ការៈ និង
ក្រយាស្ងើយ ដាក់ថ្វាយទេព្តោនាះ
គេនិយមតម្រូវតាមចិត្តទេវតាដែលនឹងចុះក្នុងឆ្នាំនីមួយៗ ។ ឧទាហរណ៍ ៖
បើទេវតាដែលត្រូវចុះមកនោះសោយល្ង សណ្តែក គេដាក់សណ្តែក ល្ង ថ្វាយ ថ្វាយ ។
រីឯពិធី ៣ ថ្ងៃ នៃថ្ងៃចូលឆ្នាំនោះគឺ ៖
·
ថ្ងៃទី ១ ៖
គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត ។
ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាង វាលុកចេតិយ នៅជុំវិញព្រះវិហារ ឬនៅជុំវិញដើមពោធិណាមួយនៅក្នុងវត្តនោះ
។ នៅពេលព្រលប់ គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ
និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និង សំដែងធម្មទេសនា ។
·
ថ្ងៃទី ២ ៖
កូនចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ ដល់អ្នកមានគុណ មានឪពុកម្តាយ
ជីដូនជីតា ជាដើម ។ ជួនកាលគេធ្វើទាន ដល់មនុស្សបម្រើ ឬអ្នកក្រីក្រទៀតផង
។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត
ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចចូឡាមនីចេតិយ
ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបងប្អូន ដែលបានស្លាប់ទៅ
។
·
ថ្ងៃទី ៣ ៖
ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់ ។ ពេលល្ងាច
និមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការនិយមនៃស្រុកខ្លះ) ។
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកំសាន្ដសប្បាយជាច្រើន
ដូចជាលេង បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែងជាដើម និង
មានរបាំត្រុដិ (ច្រើនមាននៅខេត្តបាត់ដំបង សៀមរាប) ជាពិសេសទៀតគឺរាំវង់ តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ
។ អ្នកខ្លះនិយមនាំគ្នាដើរកំសាន្ដបន្ត
អ្នកខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម ។
ពាក្យសាមញ្ញហៅថា «ពូនភ្នំខ្សាច់» ។
ការពូនភ្នំនេះគឺគេយកខ្សាច់សុទ្ធមកចាក់នៅកន្ដាលទីធ្លាដែលគេបានកំនត់
រួចពូនអោយចេញជារាងចេតិយបែរមុខទៅទិសខាងកើត ហើយគេសន្មត់ហៅថា «វាលុកចេតិយ» គឺតំនាងអោយព្រះចូលាមនីចេតិយដែលសាងសំរាប់បញ្ចុះព្រះកេសា
និងព្រះចង្កូមកែវនៃព្រះពុទ្ធបរមគ្រូ ។ ការពូនភ្នំនេះ បច្ចុប្បន្នតំបន់ខ្លះ
គេនិយមពូនភ្នំអង្ករនៅសាលាឆាន់ រឺក្នុងព្រះវិហារផងដែរ។
ភ្នំខ្សាច់ដែលគេពូនមិនមានកំនត់ថា ត្រូវមានខ្នាតតូចខ្ពស់ទាបប៉ុណ្ណាទេ
គឺប្រព្រឹត្តទៅតាមការពេញចិត្តរបស់អ្នកស្អាង។ ប៉ុន្តែចាំបាច់ត្រូវមានភ្នំមួយនៅកន្ដាល
ហើយត្រូវមានភ្នំតូចៗ ៤ ព័ទ្ធជុំវិញគ្រប់ទិសតូចទាំង ៤ ។
នៅជុំវិញភ្នំគេមានធ្វើរាជវត័ តុបតែងលំអស្លឹកដូង
ស្លឹករំសែជាបួនជ្រុងមានទ្វារ ចេញចូលតាមទិសធំទាំង ៤ ។
នៅជុំវិញរាជវ័តគេមានរៀបរានទេវតាគ្រប់ទិសទាំង ៨។
នៅលើរានទេវតានិមួយៗគេរៀបស្លាធម៌មួយគូបាយសីមួយថ្នាក់ មួយគូ ទៀន៥
ធូប៥ ផ្កាភ្ញី និងអុជទៀនធូបថ្វាយ ។ នៅពីមុខភ្នំខ្សាច់ក្រៅរាជវត័
គេរៀបរានធំៗបីទៀត សំរាប់ថ្វាយព្រះយមរាជ
ស្ថិតនៅកន្ដាលខាងឆ្វេងរានព្រះយមរាជ គឺរានព្រះពុទ្ធគុណ
និងខាងស្តាំគឺរានព្រះពិស្នុការរានធំទាំងបីនេះ
គឺគេរៀបគ្រឿងសក្ការៈបូជាដូចរានទេវតាដែរ តែបាយសីខ្ពស់រហូតដល់
៩ថ្នាក់ និងមានដាក់សំលៀកបំពាក់ឆ្វេងស្តាំ
ហើយមានដាក់ក្រយាថ្វាយសោយទៀតផង។ ការសាងវាលុកចេតិយនេះ ដោយគេសំគាល់ថា
នឹងបានជាផល្លានិសង្សវិសេសវិសាលណាស់ ដូចមានសំដែងក្នុងរឿង «អានិសង្សវាលុកចេតិយ» មហាសំការសូត្រ ។
ព្រះបរមសាស្តាទ្រង់បានសំដែងអំពី
អានិសង្សដែលបានកសាងបុណ្យកុសល ក្នុងឱកាសដាច់ ឆ្នាំចាស់ ចូលឆ្នាំថ្មី
ដោយពិស្តារ អ្នកដែលបាន ផ្ងូតទឹកឲ្យមាតា បិតា គ្រូឧបជ្ឈាយ៍ អាចារ្យ
ឬព្រះសង្ឃក្នុងឱកាសសង្ក្រាន្តនោះ រមែងជាស្តេចម្ចាស់ផែនដី មានឫទ្ធិដ៏មហិមា
សំបូរដោយរតនៈ ៧ ប្រការ ដេរដាសដោយពពួកនាងនារីដែលមានរូបឆោមល្អ និង
សំបូរដោយចតុរង្គសេនា ជាអ្នកបានសេចក្តីសុខគ្រប់យ៉ាង ។
អ្នកដែលបានលែងសត្វតិរច្ឆាន ដូចជា មាន់ ទន្សោង បក្សី ត្រី អណ្តើក (ជាដើម)
ដោយអំណាចដែលបានលេងសត្វអំបាលនោះ អ្នកនោះរមែងជាអ្នកមានអាយុយឺនយូរ
ជាអ្នកមានសុខច្រើន ឥតមានរោគភ័យមកបៀតបៀនក្នុងកាលទាំងពួងប្រកបតែសេចក្តីសុខ
។ ដោយផល្លានិសង្សដែលបានស្រង់ព្រះសង្ឃ
អ្នកនោះទោះទៅកើតក្នុងភពណាៗរមែងមានរូបឆោមល្អជាទីជ្រះថ្លាដល់អ្នកបានឃើញ
ជាអ្នកមានសំបុរកាយផូរផង់ ជាទីគាប់ចិត្តជាទីគួរឲ្យមើល
ជាអ្នកមានប្រាជ្ញាស្រួច ជាអ្នកក្លាហាន ជាអ្នកទ្រទ្រង់នូវព្រះសូត្រ
និងព្រះវិន័យ ជាអ្នកទ្រទ្រង់ និង ចេះចប់នូវព្រះបិដក
ជាអ្នកមានអាយុយឺនយូររាល់ៗជាតិ ជាអ្នកមានបុត្រ ភរិយានូវគណញាតិ
សុទ្ធតែជាអ្នកឧត្តមថ្លៃថ្លា។ ទាំងនេះជាអានិសង្សផ្ងូតទឹកក្នុងពេលចូលឆ្នាំ
។ ដោយប្រការដូច្នេះហើយ បានជានៅឱកាសចូលឆ្នាំមនុស្សទាំងឡាយតែងនាំគ្នាដោះលែង
សត្វផ្សេងៗ តែងនាំគ្នាធ្វើបុណ្យផ្សេងៗ ដើម្បីបានទទួលនូវអានិសង្សទាំងនោះ ។
ក្រៅពី មហាសំការសូត្រ នៅមាននិទានមួយទៀតហៅថា «អានិសង្សវាលុកចេតិយ» ជារឿងដែលគេតាក់តែងជាភាសាខ្មែរយូរលង់ណាស់មកហើយ
មានចំនួន ១ ខ្សែ សំដែងអំពីការសាងវាលុកចេតិយថា មានផល្លានិសង្សជាអនេកប្បការ
វេលាឆ្លង វាលុកចេតិយ គេច្រើនយករឿងនេះទេសន៍ ។ ក្នុងរឿងអានិសង្សវាលុកចេតិយនោះ
និទានមួយក្នុងចំណោមនិទានទាំង ៣
នោះត្រូវបានលើកយកមកធ្វើជាឧទាហរណ៍ គឺ ៖
·
និទានទី១
ដំនាលពីព្រះពោធិសត្វ នាមបារិកៈ ជាអ្នកឈ្មួញសំពៅ ។ នាសម័យមួយ បារិកៈ
បើកសំពៅទៅជួញបានប្រទះឃើញផ្នូកខ្សាច់សល្អនៅតាមឆ្នេរសមុទ្រ
ក៏បបួលពួក ពាណិជ ដែលទៅជួញជាមួយគ្នា
បើកសំពៅឆៀងចូលចតនៅទៀបផ្នូកខ្សាច់នោះ ហើយនាំគ្នាកជាវាលុកចេតិយ
ឧទ្ទិសជាតំណាង ចូលាមុណីចេតិយ ដែលបញ្ចុះព្រះចង្កូមកែវរបស់ព្រះពុទ្ធ
នៅឋានត្រៃត្រឹង្ស ។ ស្រេចហើយពួកពាណិជទាំងនោះក៏បេះយកផ្កាឈើមកបូជា
ដើរប្រទក្សិណ ៣ ជុំ ហើយនាំគ្នាចុះសំពៅបើកចេញទៅជួញបន្តទៀត ។
បារិកពោធិសត្វ និង ពួកឈ្មួញអម្បាលនោះ លុះរំលាយខន្ធទៅ
ហើយបានទៅកើតជាទេវបុត្រនៅឋានសួគ៌ជាច្រើនជាតិ លុះច្យុតពីសួគ៌
បានកើតក្នុងមនុស្សលោកបានជាស្តេចឯករាជ្យជាច្រើនជាតិ និង
ត្រារាប់ពុំបានឡើយ ។ ក្នុងទីបំផុត បារិកពោធិសត្វ
ក៏បានត្រាស់ជាព្រះពុទ្ធដោយអំណាចផល្លានិសង្ស ដែលបានសាង វាលុកចេតិយ ។
·
វិភាគ
និងកំណត់សម្គាល់៖
បើអ្នកអានវិភាគបន្តិចលើសាច់រឿងនិទាននេះ
គេអាចរកឃើញថា វាប្រហែលជារឿងនិទានដែលប្រឌិតឡើងដោយពួកអ្នកកាន់លទ្ធិព្រាហ្មណ៍
ឬពួកអ្នកកាន់ពុទ្ធសាសនានិកាយមហាយាន ដែលប្រជាជននៅប្រទេសឥណ្ឌា, ណេប៉ាល់, ទីបេ, ភូតាន (Bhutan), ចិន, ម៉ុងហ្គោល, ទូវ៉ា (Tuva), កាល់មីគា (Kalmykia), ជប៉ុន, កូរ៉េ, តៃវ៉ាន់, វៀតណាម ។ល។ គោរពរាប់ទុកថាជាពុទ្ធសាសនារបស់ខ្លួន ។
ពុទ្ធសាសនានិកាយមហាយានមានទស្សនវិជ្ជានិងកិច្ចបូជាស្រដៀងគ្នានឹងលទ្ធិព្រាហ្មណ៍
ដោយលាយចម្រុះជាមួយនឹងកិច្ចខាងសាសនារបស់ជនជាតិដើមរបស់អ្នកស្រុកនៃប្រទេសទាំងនោះផង
។ ក្នុងពុទ្ធសាសនានិកាយមហាយាន
គេសង្កេតឃើញមានភាពខុសគ្នាច្រើនទាំងខាងទ្រឹស្តី និង ការអនុវត្ត
ពីប្រទេសមួយទៅប្រទេសមួយ ដែលមានវប្បធម៌ និង
សាសនាដើមរបស់មនុស្សម្ចាស់ស្រុកផ្សេងៗគ្នា ។
ដូច្នេះហើយទើបគេឃើញមានការបែកខ្ញែកជាច្រើននិកាយបន្តទៅទៀតនៅក្នុងពុទ្ធសាសនាមហាយាន
សូម្បីនៅទីបេក៏មាននិកាយធំៗចំនួន ៤ និងនិកាយតូចៗច្រើនទៀត ។
ពួកគេឲ្យតម្លៃខ្លាំងទៅលើពោធិសត្វច្រើនរាប់មិនអស់
ដែលទុកដូចជាកប៉ាល់ (យានធំ)
កំពុងរង់ចាំជួយស្រោចស្រង់ចម្លងមនុស្សយកទៅដាក់នៅស្ថាន សុខាវតី (Sukhavati or Pure Land) ដែលគេជឿថាជាស្ថានស្ថិតនៅចម្ងាយមួយលានគីឡូម៉ែត្រភាគខាងលិចផែនដី
ដែលនៅទីនោះមានព្រះពុទ្ធមួយអង្គព្រះនាម អមីតាភៈ (Buddha Amitabha)។ ពួកគេបង្រៀនថា ព្រះពុទ្ធ អមិតាភៈ
បានសន្សំកុសលរាប់ម៉ឺនជាតិទើបបានត្រាស់ជាព្រះពុទ្ធដែលកំពុងគង់មានជីវិតនៅឯស្ថាន
សុខាវតី ។ ពួកអ្នកកាន់ពុទ្ធសាសនានិកាយមហាយានជឿថា
បើមនុស្សណាម្នាក់បានសូត្រឈ្មោះព្រះពុទ្ធ អមិតាភៈ
ឲ្យបានដប់ដងមុនពេលស្លាប់ ពេលនោះគេនឹងបានទៅកើតនៅស្ថាន សុខាវតី ។ អ្នកបួសនៅក្នុងពុទ្ធសាសនានិកាយមហាយាន
ជាពិសេសនៅទីបេ ត្រូវស្បថ (ទាំងអស់មានចំនួន ៤៨)
ថាបើខ្លួនបានក្លាយជាព្រះពោធិសត្វពេលណា គេមិនត្រូវចូលទៅស្ថាន
សុខាវតីចោលមនុស្សលោកទេ
ពោលគឺនៅរង់ចាំចម្លងមនុស្សលោកឲ្យអស់ពីផែនដីទៅដាក់ទីនោះសិន
ទើបខ្លួនអាចចូលទៅតាមក្រោយ ។ ក្នុងរាល់អំពើ និង ការបង្រៀនទាំងអស់
ពួកគេសង្កត់ធ្ងន់ទៅលើពាក្យ ករុណា (compassion) ពោលគឺការផ្សាយមេត្តាចំពោះគ្រប់សត្វទាំងអស់
ជាពិសេសមនុស្ស ។ សង្ឃក្នុងនិកាយនេះមិនឆាន់សាច់សត្វទេ ព្រោះពួកលោកយល់ថាវាគឺជាទង្វើដែលលើកទឹកចិត្តដល់ការសម្លាប់សត្វមានជីវិតបន្តទៀត
។ ហេតុអ្វីបានជាយើងត្រូវសិក្សាឲ្យដឹងខ្លះៗនូវទ្រឹស្តី, ជំនឿ និង កិច្ចនានានៃពុទ្ធសាសនាមហាយាន ? យើងត្រូវតែសិក្សាឲ្យយល់ខ្លះ
ព្រោះខ្មែរក៏ធ្លាប់កាន់ពុទ្ធសាសនានិកាយមហាយានដែរ
ហេតុនេះហើយទើបយើងឃើញមាននិទានឬជាតកច្រើនរាប់សឹងមិនអស់ដែលពោលសរសើរពីអានិសង្សអស្ចារ្យនៃទាននេះឬទាននោះ
សូម្បីតែវត្ថុទានតែបន្តិចក៏អាចបានទៅកើតនៅស្ថានសួគ៌
រស់នៅក្នុងវិមានស្កឹមស្កៃ បើកើតនៅលើផែនដីក៏បានជាមនុស្សមានអំណាចផុតគេប្រកបដោយអ្នកបម្រើ
ឬប្រពន្ធរាប់មិនអស់ ។
ការបង្រៀនបែបនោះគឺឲ្យតម្លៃតែទៅលើការឲ្យវត្ថុទាន
និងមិនឲ្យតម្លៃទៅលើការសិក្សា
និងប្រតិបត្តិតាមធម៌ពិតរបស់ព្រះពុទ្ធទេ ។ វាជាការបង្រៀនដែលនាំឲ្យមនុស្សច្រើននាក់យល់ច្រឡំថាជាពាក្យរបស់ព្រះពុទ្ធ
។
·
និទានទី ២
ដំណាលពីនាយនេសាទម្នាក់ (មិនប្រាកដឈ្មោះ)។ នាយនេសាទនោះធ្វើតែបាប
សំលាប់សត្វបរិភោគតាំងពីតូចរហូតដល់ចាស់ មិនដែលបានធ្វើបុណ្យម្តងសោះ
។ នាថ្ងៃមួយ មានភិក្ខុសង្ឃ ១រូប នឹកអាណិតនាយនេសាទខ្លាំងណាស់
ក៏គិតរកឧបាយឲ្យគាត់បានសាងបុណ្យកុសលខ្លះ ។ លុះគិតរួចហើយ
ភិក្ខុអង្គនោះក៏គ្រងចីវរកាន់យកនូវ បាត្រដើរទៅរង់ចាំផ្លូវនាយនេសាទ ។
ថ្ងៃនោះវេលាព្រឹកនាយនេសាទលីលំពែង ១ និង ពុនបាយ ១កញ្ចប់ចេញទៅព្រៃដើម្បីស្វែងរកសត្វមកចិញ្ចឹមជីវិតដូចកាលសព្វដង
។ ដំបូងនាយនេសាទប្រកែកដាច់ថា មិនព្រមប្រគេន តែភិក្ខុនោះចេះតែទទូចសុំ
។ អត់មិនបានក៏រំលែកបាយ ១ ពំនូតប្រគេន ។ ក្រោយមក
កាលនាយនេសាទរំលាយខន្ធស្លាប់ទៅត្រូវពួកយមបាល ឬ យមភូបាលយកខ្លួនទៅសួរយកចម្លើយ
អំពីរឿងកាលនៅមនុស្សលោកនោះបានធ្វើបុណ្យខ្លះទេ ? នាយនេសាទតបថា ៖ មិនបានធ្វើបុណ្យទេ
ធ្វើតែបាបតាំងពីតូចមក ។ ពួកយមបាលក៏នាំគ្នាចាប់បោះទៅក្នុងរណ្តៅភ្លើងនរក
តែមិនឆេះ ត្រលប់ជាខ្ទាតចេញមកវិញ យមបាលនឹកឆ្ងល់ ក៏សួរបញ្ជាក់ថែមទៀត ។
ទទួលនាយនេសាទក្រលេកទៅឃើញអណ្តាតភ្លើងមានពណ៌ដូចចីវរលោកសង្ឃ
ក៏នឹកឃើញដល់ទានដែលខ្លួនបានធ្វើ ទើបឆ្លើយថា
កាលនៅមនុស្សលោកបានធ្វើទានបាយមួយពំនូតដល់ភិក្ខុ ១រូបដែរ ។
ពួកយមបាលប្រាប់ថា បើដូច្នេះអ្នកឯងត្រូវទៅកើតឯឋានសួគ៌មួយអាទិត្យ
លុះដល់ថ្ងៃទី ៨ យើងនឹងយកខ្លួនមកទទួលទោសនៅឋាននរកនេះវិញ ។
ក្នុងមួយរំពេចនោះវិញ្ញាណរបស់នាយនេសាទ ក៏បានទៅកើតនៅឋានសួគ៌ ឈ្មោះថា
អន្នំលោកង្សិន៍ទេវបុត្រ មានទំហំ ១២ យោជន៍បរិបូណ៌ទៅដោយសម្បត្តិ និង
ស្រីទេពកញ្ញាបំរើត្រៀបត្រា មាននាងសុវណ្ណឱរ៉ៃ ជាទេពី ។
អន្នំលោកង្សិន៍ទេវបុត្រសោយសម្បត្តិបាន ៦ ថ្ងៃ នឹកឃើញដល់ពាក្យរបស់យមបាល
ក៏កើតសេចក្តីទុក្ខទោមនស្សពន់ពេក ហើយចូលទៅដេកទួញយំ នាងសុវណ្ណឱរ៉ៃ
ឃើញដូច្នេះ ក៏ចូលទៅសួរអន្នំលោកង្សិន៍ទេវបុត្រក៏រ៉ាយរឿងប្រាប់តាំងពីដើមរហូតដល់ចប់
។ នាងសុវណ្ណឱរ៉ៃលួងលោមថា បើដូច្នោះសូមព្រះអង្គកុំជាទុក្ខទោមនស្សឡើយ
ត្បិតព្រះពុទ្ធសំដែងថា «ទោះអ្នកណាធ្វើបាបអម្បាលម៉ានក្តី
បើចង់ឲ្យរួចអំពីកម្មពៀរដែលខ្លួនធ្វើហើយ
គប្បីសាងវាលុកចេតិយធ្វើបុណ្យឆ្លង ហើយនិងងរួចអំពីកម្មពៀរនោះហោង» ហេតុនេះសូមព្រះអង្គធ្វើតាមព្រះពុទ្ធបន្ទូលនេះចុះ
ទៀងជាដោះរួចចាកកម្មពៀរជាមិនខាន ។
អន្នំលោកង្សិន៍ទេវបុត្របានឮដូច្នោះក៏សោមនស្សទើបចាត់ការសាងវាលុកចេតិយ
និង ធ្វើបុណ្យឆ្លងហើយស្រេចក្នុងរវាង ៧ ថ្ងៃនោះ ។ លុះដល់ថ្ងៃទី ៨
វេលាព្រឹកព្រហាម
ពួកយមបាលក៏ទៅដល់ស្រែកហៅរកអន្នំលោកង្សិន៍ទេវបុត្រឲ្យចេញមក
គ្រានោះអន្នំលោកង្សិន៍ទេវបុត្រគេចមុខចេញ ទុកឲ្យនាងសុវណ្ណឱរ៉ៃចេញមកទទួល
។ នាងបដិសេធយមបាល ដោយមិនព្រមបើកយកស្វាមីរបស់នាងទៅឡើយ ។ នាងអះអាងថា៖
ស្វាមីរបស់យើងបានសាងវាលុកចេតិយ និង ធ្វើបុណ្យឆ្លងរួចហើយ ។
បាបកម្មទាំងពួងក៏ជ្រះអស់អំពីខ្លួនហើយ
តែបើនៅតែត្រូវការយកខ្លួនគាត់ទៅធ្វើទោស ចូររាប់ខ្សាច់ ១ពែងនេះឲ្យអស់
ទើបអាចយកទៅបាន ។ យមបាលតបថា ៖ មិនសល់ក្រអ្វីទេ ការរាប់ខ្សាច់ ១ ពែង
ប៉ុណ្ណោះ ។ រួចនាំគ្នារាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ ។
គ្រាប់ខ្សាច់ដែលយកចេញពីពែងរាប់ដាក់ទៅខាងក្រៅទៅជាគំនរយ៉ាងធំកំពស់ស្មើចុងត្នោត
តែខ្សាច់ក្នុងពែងនៅដដែល គ្មានស្រកស្រុតទៅណាសោះ ។
ពួកយមបាលទាល់ចំណេះនឹងរាប់តទៅទៀត ក៏នាំគ្នាត្រលប់ទៅយមលោកវិញ ។
រីឯអន្នំលោកង្សិន៍ទេវបុត្របាននៅសោយសម្បត្តិក្នុងទេវលោកអស់កាលអង្វែងតមកទៀត
។ គាត់មិនបានទៅសោយទុក្ខក្នុងនរកដូចដែលយមបាលកំនត់ទុកនោះទេ ។
ទាំងនេះក៏ដោយអំណាចផល្លានិសង្សដែលបានសាងវាលុកចេតិយ និង
ធ្វើបុណ្យឆ្លងដូចពោលហើយ ។
·
និទានទី៣
ដំណាលអំពៅចៅកំជិលខ្សាច់ ។ មានក្មេង ១ នាក់ចេះតែទៅភ្នំខ្សាច់នោះរាល់ៗថ្ងៃ
ប្រលាក់ទៅដោយដីខ្សាច់រាល់ថ្ងៃ ទាល់តែគេហៅថា «ចៅកំជិលខ្សាច់» ។ ថ្ងៃមួយ
ព្រះឥន្ទ្របើកទិព្វចក្ខុមើលឃើញចៅកំជិលខ្សាច់ពូនភ្នំដូច្នោះ ក៏ចាត់អោយនាងទេពធីតា ១
អង្គចុះមកធ្វើជាប្រពន្ធចៅកំជិលខ្សាច់ ។ ដំបូងចៅកំជិលខ្សាច់ប្រកែកមិនព្រមយក
ដោយថ្លែងថា ខ្លួននៅក្មេងណាស់មិនទាន់ចេះរកស៊ីចិញ្ចឹមនាងទេពធីតាទេ ។
ទើបព្រះនាងទៅរកម្តាយឪពុកចៅកំជិលខ្សាច់ ដោយបានថ្លែងប្រាប់ថា ខ្លួនជាទេពធីតា
ព្រះឥន្ទ្រប្រើឲ្យចុះមកធ្វើជាប្រពន្ធចៅកំជិលខ្សាច់ ។
មាតាបិតាឃើញនាងទេពធីតា ក៏ពេញចិត្តដោយនាងមានរូបឆោមល្អ
ទើបលួងលោមចៅកំជិលខ្សាច់ទាល់តែព្រមយក ។ ចៅកំជិលខ្សាច់
តាំងពីបាននាងទេពធីតាជាប្រពន្ធហើយ ខ្លួនប្រាណក៏ស្អាតបាត ផូរផង់
ល្អជាងពីមុនមកឆ្ងាយណាស់ដោយនាងទេពធីតាជួយថែសំអាត
ទាំងសមរម្យគ្នានឹងប្រពន្ធនោះណាស់ ។ ទាល់តែល្បីកេរ្តិ៍ឈ្មោះទៅថា
ចៅកំជិលខ្សាច់បាននាងទេពធីតាជាភរិយាល្អសមគ្នាណាស់ ។
គ្រានោះពួកមន្ត្រីសេនាបតីជាដើម ក៏បានទៅពិនិត្យមើលឃើញដូចពាក្យគេដំណាល ។
ទទួលវេលានោះស្តេចម្ចាស់ផែនដីសុគត
គ្មានអ្នកទទួលរាជសម្បត្តិគ្រប់គ្រងផែនដី គេគិតឃើញថា
ចៅកំជិលខ្សាច់សមគួរជាព្រះរាជាម្ចាស់ផែនដី
ក្រោយនោះគេក៏ធ្វើការផ្សងបុស្បុករកអ្នកមានបុណ្យធ្វើជាម្ចាស់ផែនដី ។
បុស្បុកក៏ទៅត្រូវលើចៅកំជិលខ្សាច់ គេទើបនាំគ្នាអញ្ជើញទៅឲ្យសោយរាជ្យ
ព្រមទាំងនាងទេពធីតា ។ ផលដែលជាទិដ្ឋធម្មវេទនីយដូច្នេះ
លោកថាបានដោយហេតុដែលបានពូនភ្នំខ្សាច់នោះ ។
កាលកើតមានរឿងសំដែងអំពីអានិសង្សនៃការស្អាងវាលុកចេតិយ
ដូច្នេះហើយពួកខ្មែរយើងបានដឹងរឿងទាំងនេះហើយ ក៏កើតសេចក្តីជឿ និង ជ្រះថ្លា
ទើបបាននាំគ្នាស្អាងវាលុកចេតិយជាប់ជាប្រវេណីដរាបមកដល់បច្ចុប្បន្នកាល ។
·
បំបួសភ្នំ
លោកអាចារ្យសូត្រធម៌ អធិដ្ឋាន
វាលុកចេតិយឲ្យតំណាងព្រះចូលាមណីចេតិយ រួចយកកំណាត់សប្រវែងប្រមាណមួយម៉ែត្រកន្លះ
ទៅពានាពាក់ឆៀងព្រះចេតិយ ដែលតាមសម្តីអ្នកស្រុកហៅថា «បំបួសភ្នំ» ។ ក្នុងឱកាសនោះដែរ ព្រះសង្ឃសូត្រធម៌ចំរើនព្រះបរិត្ត
នៅធម្មសាលាដោយបន្តអំបោះមកដល់ភ្នំទាំងអស់ ។
ភ្នំដែលបានឡើងជាអង្គចេតិយហើយ អ្នកណាមួយទៅជាន់រំលង ឬរំលាយមុនគេផ្សឹក
ទុកត្រូវទទួលបាប ។
·
កំណត់សម្គាល់៖
តាមការពិនិត្យមើល និង
វិភាគនូវកិច្ចខាងសាសនាទាំងអស់ ដែលធ្វើឡើងក្នុងពេលពូនភ្នំខ្សាច់ឬកិច្ចដទៃទៀតខាងសាសនា
យើងអាចសន្និដ្ឋានបានថា វាជាកិច្ចខាងសាសនាព្រាហ្មណ៍
ដែលបន្សល់ទុកនៅក្នុងទំនៀមទម្លាប់របស់ខ្មែរ
ព្រោះខ្មែរបានទទួលរងឥទ្ធិពលលទ្ធិព្រាហ្មណ៍ជាច្រើនរយឆ្នាំ ។ ដូច្នេះ
ទោះបីជាខ្មែរបែរមកកាន់ព្រះពុទ្ធសាសនាក៏ដោយ ក៏ល្បែងរបាំ និង
ប្រពៃណីរបស់សាសនាព្រាហ្មណ៍នៅបន្តមានសេសសល់ក្នុងផ្នត់គំនិត និង
កិច្ចនានាខាងសាសនាផងដែរ ។
ដោយសារតែប្រជាជនខ្មែរភាគច្រើនជាអ្នកកាន់ព្រះពុទ្ធសាសនា
ដើម្បីរក្សាទុកនូវកិច្ចទាំងឡាយខាងសាសនាព្រាហ្មណ៍កុំឲ្យសាបសួន្យ
អ្នកនិពន្ធបានប្រឌិតរឿងជាច្រើនដោយភ្ជាប់សាច់រឿងទៅនឹងតួអង្គព្រះពុទ្ធ
ឬព្រះពុទ្ធសាសនា ។ នេះគឺជាសិល្បវិធីដូរសម្បកវេចខ្ចប់ទំនិញចាស់
ឬទំនិញលែងមានការពេញនិយមដើម្បីបញ្ឆោតភ្នែកអ្នកទិញ ឲ្យនៅតែបន្តជាវរបស់នោះប្រើទៀត
។
វិធីងាយស្រួលសម្រាប់សម្គាល់រកមើលកិច្ចខាងលទ្ធិព្រាហ្មណ៍ដែលបន្លំខ្លួនចូលក្នុងកិច្ចខាងពុទ្ធសាសនា
នោះគឺការរកមើលឲ្យឃើញនូវរាល់អន្តរាគមន៍ពីសំណាក់តួអង្គអាទិទេពណាមួយ
នៅក្នុងជីវិតរបស់មនុស្សសាមញ្ញ
ឬការរកមើលឲ្យឃើញសាច់រឿងទាំងឡាយណាដែលគេតាក់តែងឡើងឲ្យតួអង្គព្រះពុទ្ធសម្តែងភាពអស្ចារ្យ
អាចហោះឡើងស្ថានសួគ៌, ចុះស្ថាននរក
ឬអាចដឹងកំណើតរបស់ខ្លួនរាប់ម៉ឺនជាតិ ។
អ្នកកាន់ពុទ្ធសាសនានិកាយថេរវាទបរិសុទ្ធ
ឲ្យតម្លៃទៅលើប្រាកដនិយម, លើការពិចារណា
និង ពិសោធន៍រកការពិត; ពួកគេបដិសេធចោលរាល់អច្ឆរិយភាព
(ភាពអស្ចារ្យ) ដែលគ្មានតថភាព ឬមនុស្សនិយម ។
ព្រះពុទ្ធមិនដែលពោលអួតខ្លួនថាជាអាទិទេព
អាចបែរត្រឡប់ក្រោយចុះមកជួយស្រោចស្រង់មនុស្ស ឬ ឲ្យពរមនុស្សម្តងណាសោះ
ប៉ុន្តែមនុស្សជំនាន់ក្រោយៗ ចេះតែប្រឌិតរឿងលើកតម្កើងតួអង្គព្រះពុទ្ធ
។ ការធ្វើដូច្នោះគឺជាវិធីអួតយកឈ្នះពួកអ្នកកាន់លទ្ធិព្រាហ្មណ៍ និង
អ្នកកាន់សាសនាដទៃទៀត ដែលពូកែអួតសរសើរអាទិទេពរបស់ពួកគេថា
ជាអាទិទេពអាចបង្កើត និងរំលាយផែនដីនិងលំហមេឃ
រួចបង្កើតវិញតាមអំពើចិត្ត, ឬអួតថាជាព្រះពិត
ឬព្រះអង្គសង្គ្រោះ ដែលបានបង្កើតផែនដី
និងវត្ថុសព្វយ៉ាងលើផែនដី, ឬថាអាចហោះហើរដើរលើអាកាស, ជ្រែកទឹកជ្រែកដី, ស្លាប់ហើយរស់វិញ, អាចចុះស្ថាននរក
ឬឡើងស្ថានសួគ៌តាមចិត្ត, ឬថានឹងត្រឡប់មកវិញឆាប់ៗ
ដើម្បីសង្គ្រោះមនុស្សដែលជឿលើព្រះនោះ ។
ព្រះពុទ្ធបានទូន្មានឲ្យសាវ័កព្រះអង្គយកធម៌
ឬ ទ្រឹស្តីរបស់ព្រះអង្គមកពិចារណា បើឃើញថាត្រូវក៏យកទៅអនុវត្តចុះ បើឃើញត្រង់ណាខុស
ឬមិនទាន់សម័យនិយម ឬក្បួនវិទ្យាសាស្ត្រ ក៏បោះចោលទៅ ។
ព្រះពុទ្ធបានប្រដៅសាវ័ករបស់ព្រះអង្គ ក៏ដូចជាមនុស្សជំនាន់ក្រោយ
ថាកុំឲ្យជឿនរណាម្នាក់ដោយសារតែគេពោលអួតខ្លួនថាជាបណ្ឌិត
ឬគ្រូអាចារ្យ ឬសាមណសង្ឃ ។ ព្រះពុទ្ធបានប្រដៅមនុស្សឲ្យប្រើប្រាជ្ញា
(បញ្ញា) ដើម្បីយកសម្តីមនុស្សនោះ ឬព័ត៌មាននោះ គម្ពីរនោះ
ឬកិច្ចវិធីនោះ មកពិចារណាប្រៀបធៀប និងពិសោធរកការពិតសិន
សឹមសម្រេចចិត្តថាគួរជឿ ឬមិនជឿ ។ ព្រះពុទ្ធបានបរិនិព្វាន (សោយទិវង្គត)
អស់រយៈកាលជាង ២៥០០ ឆ្នាំហើយ ។ កាលព្រះអង្គត្រាស់ដឹង
ព្រះអង្គបានសម្តែងទុកថា តថាគតឈប់វិលចូលក្នុងរង្វង់ (វដ្ត)
កើតស្លាប់ៗ (សំសារៈ)
ដែលជាអន្ទាក់ដែលពួកមនុស្សកាន់លទ្ធិព្រាហ្មណ៍បានបង្កើតឡើង
ដើម្បីបោកប្រាស់ និងគាបសង្កត់ជនសាមញ្ញ ទៀតហើយ
(នោះគឺការសម្រេចនិព្វាន) ។
ព្រះអង្គបានហាមមិនឲ្យសាវ័ករបស់ព្រះអង្គសាងរូបសំណាកអ្វីមួយ, ឬយករូបកាយ
ឬសំណល់រូបកាយរបស់ព្រះអង្គ
ទៅទុកគោរពបូជាដូចពួកអ្នកកាន់លទ្ធិព្រាហ្មណ៍បានធ្វើចំពោះតួអង្គអវតារ
នៃអាទិទេពរបស់ពួកគេនោះទេ ព្រោះរូប ឬសំណល់កាយរបស់ព្រះអង្គ
គ្មានសេសសល់អ្វីជាខ្លឹមសារសម្រាប់អ្នកគោរពឡើយ ។
ព្រះពុទ្ធបានត្រាស់ដឹងជាព្រះអរហន្តរួចហើយ
គឺព្រះអង្គបានជាបុគ្គលដែលលះដាច់ហើយនូវវត្ថុសម្ភារៈសព្វយ៉ាងកើតឡើងឬច្នៃឡើងពីវត្ថុបានពីផែនដីនេះ; ព្រះអង្គលែងជាប់ជំពាក់នឹងសេចក្តីស្អប់, សេចក្តីស្រឡាញ់, ឬពាក្យពោលសរសើរ របស់មនុស្សសាមញ្ញហើយ ។
លើសពីនោះទៀត ព្រះពុទ្ធក៏បានបរិនិព្វានបាត់ទៅហើយដែរ
គឺលែងមានឥន្ទ្រីយ៍ទាំង ៦ (ភ្នែក, ត្រចៀក, ច្រមុះ, មាត់, អណ្តាត, កាយ, និង ចិត្ត)
ដែលអាចទទួលដឹងរសនៃវត្ថុសព្វយ៉ាង ដូចមនុស្សមានជីវិតរស់នៅឡើយ ។
ចុះហេតុដូចម្តេចបានជាមនុស្សភាគច្រើននៅបន្តច្រៀងសរសើរព្រះអង្គ, នៅតែបូជាព្រះអង្គដោយភ្លើងទៀន និង
ផ្សែងធូប, នៅតែដាក់ដង្វាយឬចង្ហាន់ប្រគេនព្រះអង្គ, បន្តសុំខមាទោសចំពោះព្រះអង្គ, នៅតែសន្សំទុក
និងបូជាចំពោះឆ្អឹងរបស់ព្រះអង្គដែលអគ្គីបានឆាបឆេះអស់នោះទៀត? កិច្ចទាំងអស់នោះគឺជាសំណល់
នៃកិច្ចខាងសាសនាព្រាហ្មណ៍ ដែលមនុស្សនៅរស់បានទទួលប្រយោជន៍បន្តិចៗម្នាក់
ពីការធ្វើកិច្ចទាំងនោះ ។
កិច្ចទាំងនោះមិនមែនជាកិច្ចធ្វើឡើងសម្រាប់មនុស្សដែលបានស្លាប់ទៅហើយទេ
ព្រោះមនុស្សស្លាប់គ្មានសល់ការឈឺចាប់, ការស្រេកឃ្លាន, ការចង់បាន ឬវត្ថុសម្រាប់ទទួលទេ
ប្រៀបដូចជាគោងាប់ដែលមិនអាចងើបឡើងឆីចំបើង
និងទឹកដែលកសិករដាក់នៅចំពោះមុខវានោះដែរ ។
ក្រោយពីការធ្វើកិច្ចសព្វគ្រប់ហើយ
លោកអាចារ្យសូត្របួងសួង និងថ្វាយគ្រឿងសក្ការៈដល់អស់ទេវតា ព្រះយមរាជ ដែលតែងតែត្រួតត្រាមើលការខុសត្រូវដល់មនុស្សលោក
ដើម្បីសុំខមាទោសចំពោះអំពើខុសឆ្គងទាំងឡាយកន្លងមក ដោយការអនុគ្រោះ សុំឲ្យផ្តាច់កម្ម
ផ្តាច់ពៀរ និងសុំសេចក្តីសុខចំរើនតរៀងទៅ ។
បន្ទាប់លោកអាចារ្យបានឧទ្ទិសកុសលជូនដល់អ្នកដែលចែកឋានទៅ មានមាតាបិតាជីដូន ជីតាព្រមទាំងញតិមិត្តទាំងអស់ផង។
ថ្ងៃបន្ទាប់ ពុទ្ធបរិស័ទមកជួបជុំគ្នា លោកអាចារ្យចាប់ដំណើរការថ្វាយបង្គំព្រះ
សមាទានសីលនៅធម្មសាលា ។ បន្ទាប់មកគេនាំគ្នារាប់បាត្របន្តហូរហែ
ទាល់តែអស់អ្នកដែលមានសទ្ធា ។ នៅពេលបញ្ចប់ការរាប់បាត្រ គេបានកាន់ទៀន ធូប ផ្កាគ្រប់ដៃ
ទៅកាន់ភ្នំខ្សាច់ ។ អាចារ្យចាប់ផ្តើមពិធីនៅភ្នំខ្សាច់ ដូចកាលពីល្ងាចម្តងទៀត ។
ជាមួយគ្នានេះដែរព្រះសង្ឃសូត្រពុទ្ធមន្តប្រសិទ្ធិពរជ័យសិរីមង្គលនៅធម្មសាលា ។
អាចារ្យបានបន្តពិធីនៅខាងក្រៅមុខភ្នំ គឺឆ្លងបុណ្យ
ហើយធ្វើកិច្ចផ្សឹកភ្នំវិញដោយពោលថា : «ឥមំ វាលុកចេតិយំ
បច្ចក្ខាមិ» ប្រែថា៖ «ខ្ញុំផ្សឹកឥលូវនេះនូវវាលុកចេតិយនេះចេញ» គឺលែងប្រកាន់ថាជាចេតិយទៀតហើយ អ្នកណារំលាយក៏គ្មានបាបដែរ ។
គេនាំគ្នាចូលធម្មសាលាដើម្បីវេរភត្តប្រគេនព្រះសង្ឃឆាន់ត្រង់ ។
ពេលរសៀលគេជួបជុំគ្នា ដើម្បីនមស្សការថ្វាយបង្គំព្រះ និង
អរាធនាព្រះសង្ឃសំដែងធម្មទេសនា។ កម្មវិធីជាបន្ត គេនាំគ្នាសំអាតព្រះពុទ្ធរូប
ហើយបាចផ្កា បាញ់ទឹកអប់ (ស្រង់ព្រះ) ។ នេះជាពិធីតាមបែបសាសនា ។
បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិ ដែលប្រជាជននៅក្នុងប្រទេសកម្ពុជាតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ
។ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ មានការរៀបចំដូចតទៅ ៖
ពិធីបុណ្យចូលឆ្នាំ ប្រព្រឹត្ដទៅ ៣ ថ្ងៃ គឺនៅថ្ងៃទី ១៣, ១៤, ឬ ១៥ ខែ មេសា ព្រោះជារដូវកាលដែលប្រជាជនខ្មែរមានពេលទំនេរពីការប្រមូលផលស្រូវ
និង ដំណាំកសិកម្មផ្សេងៗ ។ មុនពេលប្រារព្ធ ពិធីបុណ្យចូលឆ្នាំ ១ ឬ ២ ថ្ងៃ
ប្រជាជនខ្មែរតែងតែនាំគ្នា សំអាត តុបតែងផ្ទះសម្បែង និង
រៀបចំគ្រឿងសម្ភារៈផ្សេងៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ។
នៅពេលចូលដល់ថ្ងៃទី ១ នៃថ្ងៃបុណ្យចូល ឆ្នាំខ្មែរ
ដែលក្នុងប្រពៃណីខ្មែរតែងហៅថ្ងៃនោះថាជា ថ្ងៃមហាសង្រ្កាន្ត (sankranti) ។
នៅពេលនោះប្រជាពលរដ្ឋខ្មែរដែលកាន់ជំនឿតាមព្រះពុទ្ធសាសនា
បានរៀបចំកន្លែងទទួលទេវតាឆ្នាំថ្មី ដែលមានគ្រឿងរណ្ដាប់ផ្សេងៗ និង
មានតុបតែងលម្អដោយភ្លើងចម្រុះពណ៌តាមផ្ទះរបស់ពួកគេ ។ គ្រឿងរណ្ដាប់
មានដូចជា ៖ ទឹកផ្ដិលអប់ដោយផ្កា, ទៀន ៥,
ធូប ៥, ផ្កាភ្ញី, ភេសជ្ជៈ, និង នំចំណី, ផ្លែឈើជាច្រើន ។ល ។ បន្ទាប់មក
ពួកគេនឹងធ្វើការសែនព្រេន ដោយមានអុជធូប និង ទៀន តាមគេហដ្ឋានរបស់ខ្លួន
។ នៅពេលដល់កំណត់ថាទេវតាឆ្នាំថ្មី យាងចុះមកប្រសិទ្ធិពរជ័យ សិរីសួស្ដី
ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសុខពេញមួយឆ្នាំ ។ នៅពេលចូលថ្ងៃទី ២
នៃបុណ្យចូលឆ្នាំខ្មែរ គេហៅថ្ងៃនោះ ថាជា វារៈវ៍នបត ប្រជាជននាំគ្នាទៅវត្ដអារាមដើម្បីយក
ចង្ហាន់ នំចំណី ផ្លែឈើ ទៅប្រគេនព្រះសង្ឃ ។ លើសពីនេះទៅទៀត
ក៏មានការរៀបចំលេងល្បែងប្រជាប្រិយ ដូចជា៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង
និងមានការច្រៀងរាំបទចម្រៀងប្រពៃណី ផងដែរ នៅតាមវត្ដអារាម និង
តាមបណ្ដាតំបន់នានានៅក្នុងប្រទេសកម្ពុជា ។ ថ្ងៃទី ៣ ជាថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំ
គេហៅថា វារៈឡើងស័ក ឬ ថ្ងៃឆ្លង ។ នៅថ្ងៃនោះ
គេតែងប្រារព្ធធ្វើពិធី ស្រង់ទឹករូបបដិមារបស់ព្រះពុទ្ធ នៅតាមវត្ដអារាម
ដើម្បីសុំសេចក្ដីសុខ
ហើយក៏ជាថ្ងៃបញ្ចប់នៃការប្រារព្ធធ្វើពីធីបុណ្យចូលឆ្នាំខ្មែរដែរ ៕
អត្ដន័យនៃបុណ្យចូលឆ្នាំខ្មែរ
តើជនជាតិខ្មែរនិយមចូលឆ្មាំថ្មី នៅថ្ងៃ
ខែ ឆ្មំាណា ?
រាល់ឆ្នាំ ជនជាតិខ្មែរនិយមរៀបចំពិធី
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅថ្ងៃទី ១៣ ខែមេសា (យូរៗម្ដង ថ្ងៃទី ១៤
ខែ មេសា) ត្រូវនឹងខែ ចេត្រ នៃចន្ទគតិ ។ ដោយសារប្រទេសខ្មែរបានទទួលឥទ្ធិពលសាសនាព្រាហ្មណ៍
(លទ្ធិហ៊ីនឌូ) ទើបជនជាតិខ្មែរនៅតែបន្តប្រើប្រាស់ក្បួនគម្ពីរ
សាស្ត្រាបុរាណរបស់លទ្ធិព្រាហ្មណ៍ក្នុងការគិតគូររៀបចំធ្វើកិច្ចនានាខាងសាសនា
។ តាមក្បួនតារាសាស្ត្រ ឬហោរាសាស្ត្របុរាណនៃលទ្ធិព្រាហ្មណ៍
គេយល់ថាផ្ទៃមេឃមានរាងដូចជារង្វង់មូល និង
នៅស្ងៀមមួយកន្លែងដូចជាផែនដីដែរ ។
គេយល់ថាព្រះអាទិត្យដើរជុំវិញផែនដីតាមគន្លងគោចរដែលមានរូបសណ្ឋានដូចជារង្វង់
ទើបពួកគេហៅថា រាសីចក្រ ឬ ចក្ររាសី (រង្វង់រាសី) ដែលត្រូវនឹងមួយឆ្នាំ ។
ដោយសារតែពួកគេមើលឃើញនៅលើលំហមេឃមានផ្កាយ (តារា)
ជាច្រើននៅក្បែរៗគ្នាហើយមានសណ្ឋានដូចជារូបផ្សេងៗ
ដូចជារូបចៀមឬពពែឈ្មោល, គោឈ្មោល, រូបមនុស្សប្រុសស្រីពីរនាក់, ក្តាម, សិង្ហ, ស្រីក្រមុំ, ជញ្ជីង, ខ្ទួយ, ធ្នូ, ត្រីមករ (ត្រីថ្ករ ឬ ត្រីឆ្លាមមករ), ក្អម, និង ត្រី ដូច្នេះហើយទើបពួកគេដាក់ឈ្មោះបណ្តុំផ្កាយ (នក្ខត្តឫក្ស ឬ
នក្សត្រ) ទាំងនោះតាមរូបភាពស្រដៀងទាំងនោះ ។ ពួកគេចែកផ្ទៃមេឃជា ១២
ចំណែក ឬ ល្វែង(រាសី) ដោយដាក់ឈ្មោះចំណែកនីមួយៗស្របតាមរូបរាងនៃបណ្តុំផ្កាយ
ដូចជា មេសៈ ឬមេសរាសី, ឧសភៈ ឬឧសភរាសី, មិថុនៈ ឬមិថុនរាសី, កក្កដៈ ឬកក្កដរាសី, សីហៈ ឬសីហរាសី, កញ្ញា ឬកញ្ញារាសី, តុលា ឬតុលារាសី, វិច្ឆិកៈ ឬវិច្ឆិករាសី, ធនុ ឬធនុរាសី, មករៈ ឬមកររាសី, កុម្ភៈ ឬកុម្ភរាសី និង មីនៈ ឬមីនរាសី ។
ដោយសារតែពួកគេកំណត់យកមេសរាសី (ខែ មេសា) ជារាសីទីមួយ
ទើបជនជាតិខ្មែរចាប់គិតថាខែ ចេត្រ ជាខែទីមួយនៃឆ្នាំថ្មី
ហើយក៏ប្រារព្ធធ្វើកិច្ចចូលឆ្នាំថ្មីនៅខែ ចេត្រ តាមលំអានរៀងមក ។
នេះគឺដោយសារខ្មែរប្រើក្បួនគិតថ្ងៃតាមសុរិយគតិ ។ បើតាមក្បួនចន្ទគតិ ខែ
មិគសិរ គឺជាខែទីមួយនៃឆ្នាំថ្មី ។ តាមក្បួនសុរិយគតិរបស់លទ្ធិព្រាហ្មណ៍
គេគិតថានៅខែ មេសា ព្រះអាទិត្យចរចេញពីមីនរាសី (Mina Rashi បណ្តុំផ្កាយរាងដូចត្រី) ចូលទៅកាន់
មេសរាសី (Mesa
Rashi បណ្តុំផ្កាយរាងដូចចៀមឬពពែឈ្មោល)
។ ការចរចេញរបស់ព្រះអាទិត្យពីរាសីមួយទៅកាន់រាសីមួយហៅថា សង្ក្រាន្ត ឬ
សង្ក្រាន្តិ (sankranti)
។ ក្នុងមួយឆ្នាំមាន ១២ សង្ក្រាន្ត ។
ដោយសារតែពួកព្រាហ្មណ៍កំណត់យក មេសរាសី ជារាសីទីមួយ (រាសីតំបូង, រាសីក្បាល, រាសីធំ ឬ មហារាសី)ទើបគេហៅសង្ក្រាន្តនៅខែ មេសា ថា មហាសង្ក្រាន្ត
គឺដំណើរឆ្លងកាត់របស់ព្រះអាទិត្យ ពីចក្ររាសីនៃឆ្នាំចាស់
ទៅកាន់ចក្ររាសីនៃឆ្នាំថ្មី ។ សព្វថ្ងៃ
ខ្មែរនៅបន្តប្រើប្រាស់ក្បួនគិតថ្ងៃខែតាមវិធីចន្ទគតិ និង សុរិយគតិ
សម្រាប់ការរៀបចំកិច្ចខាងសាសនា ប៉ុន្តែសម្រាប់កិច្ចការរាជការ
ខ្មែរបែរមកប្រើក្បួនគិតថ្ងៃខែឆ្នាំតាមគ្រិស្តសាសនា
ដូចបណ្តាប្រទេសទាំងឡាយនៅលើសាកលលោកដែរ ដែលយើងនាំគ្នាហៅថា ឆ្នាំសាកល
ឬ គ្រិស្តសករាជ ។
តាមទម្លាប់
ជនជាតិខ្មែរនិយមរៀបចំចូលឆ្នាំចំនួន ៣ ថ្ងៃគឺ ៖ ថ្ងៃទី១ ជាថ្ងៃចូលឆ្នាំ, ថ្ងៃទី ២ ជាថ្ងៃ (វារៈ) វនបត, ថ្ងៃទី ៣ ជាថ្ងៃឡើងស័ក ។
ជនជាតិណាក៏ប្រារព្ឋធ្វើបុណ្យ ចូលឆ្នាំថ្មីរបស់ គេដែរ ។ ចំពោះខ្មែរយើង
នាំគ្នារៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិ ជារៀងរាល់ឆ្នាំ
ព្រោះយើងយល់ថាបុណ្យចូលឆ្នាំថ្មី មានអត្ថន័យជ្រាលជ្រៅ ។ ខ្មែរមានជំនឿថា
ក្នុងមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល ឧបទ្រព្យចង្រៃផ្សេងៗ
ជូនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្ន ជួនកាលមានជំងឺរូបរឹតរាងកាយ ជូនកាលទៀត
បានប្រព្រឹត្ដអំពើសៅហ្មង មិនគប្បី ។ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ
គេស្លៀកពាក់ថ្មីៗ គេនាំគ្នាដើរលេងកំសាន្ដ ដើម្បីឲ្យអស់កង្វល់
ហើយឲ្យមានសិរីសួស្ដី មានសិរីសូស្ដីមានសុភមង្គលនៅក្នុងឆ្នាំថ្មី ។
ម្យ៉ាងទៀត រយៈពេលមួយឆ្នាំ ពួកគេបានបែកចេញពី គ្រួសារ និង ញាតិមិត្ដ
ទៅប្រករបរចិញ្ចឹមជិវិតនៅទីឆ្ងាយ ៗ ។ លុះដល់ឆ្នាំថ្មី គេបានវិលមកជូបជុំគ្នា
សូរសុខទុក្ខគ្នា ដើម្បីបន្ឋូរការនឹករឭក និងបំបាត់ការនឿយហត់ពីការងារផង ។
រួចទើបបន្ដជីវភាពថ្មីនៅក្នុងឆ្នាំថ្មី ប្រកបរបរដោយជោគជ័យ និង អាយុយឺនយូរ ។
ម្យ៉ាងទៀត
ពិធីបុណ្យចូលឆ្នាំថ្មីគឺជាប្រពៃណីអាចបណ្ដុះស្មារតីស្រឡាញ់រាប់អានគ្នារវាងអ្នកភូមិស្រុកជិតខាងគ្នា
ជាកត្ដាបង្កើតសាមគ្គីភាពជាតិ ។ ហេតុនេះហើយ ទើបនៅពេលនោះ
គេមិនត្រឹមតែជួបជុំគ្នាក្នុងគ្រួសារប៉ុណ្ណោះទេ
តែគេនាំគ្នាទៅធ្វើបុណ្យនៅវត្ដអារាម
ដែលជាមជ្ឈមណ្ឌលអប់រំឲ្យមានការមនុស្សធម៌ និង សាមគ្គីភាព ។
ដោយសារពីធីបុណ្យចួលឆ្នាំថ្មី មានអត្ថន័យធំធេងយ៉ាងនេះ
ទើបខែ្មរយើងនិយមរាប់អានទុកជា ប្រពៃណីជាតិតាំងពីដើមរហូតមក ។
Không có nhận xét nào:
Đăng nhận xét